រថយន្តដឹកខោអាវ បើកកៀរកិនជាប់ម៉ូតូ click ម្ចាស់សំណាងល្អរបួសស្រាល

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ឃ្លុបដឹក ខោអាវមួយគ្រឿង បានបើកកៀរ និងកិនជាប់ម៉ូតូម៉ាកclick មួយគ្រឿងជាប់ក្រោមរថយន្ត តែម្ចាស់សំណាងល្អ គឺគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៦៨P ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត និងម៉ូតូបានធ្វើដំណើរស្របគ្នា ក្នុងទិិសដៅពីលិចទៅកើត ។ លុះដល់កន្លែងកើតហេតុរថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ ២AE-៤៣៦៨ បើកបរដោយឈ្មោះ កង រេម ភេទប្រុស អាយុ២៨ឆ្នាំ ក៏បានបត់ស្តាំចូលផ្លូវលំ កៀរនិងកិនម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GI-៧២៩៦ ជាប់ក្រោមរថយន្ត បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសស្រាល ។

តាមព័ត៌មានបានអោយដឹងថា ក្រោយពេលកើតហេតុខាងរថយន្តបង្កបានសម្របសម្រួលនាំយកជនរងគ្រោះទៅព្យាបាល និងយកម៉ូតូទៅជួសជុលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕