បើកបរគោយន្តកន្ត្រៃផ្លូវចុះទួលក្នុងល្បឿនលឿន ក្រឡាប់រងរបួសធ្ងន់ស្រាល៩នាក់

ខេត្តប៉ៃលិន ៖ មនុស្សប្រុសស្រី៩នាក់ រងរបួសរដូករណែល ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ខណ:អ្នកបើកបរមិនប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោង ហើយនៅតែបន្ថែមល្បឿន បណ្តាលឱ្យរេចង្កូតធ្លាក់ក្នុងប្រឡាយអត់ទឹក បោកផ្ទប់អ្នកជិះទាំងអស់ទៅលើដី រងរបួសធ្ងន់ស្រាលតែម្តង ។ ហេតុការណ៍បើករថយន្តលឿនត្រង់ចំណុចផ្លូវកោងចុះទួលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះឈូក​ ក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ប្រភពព័ត៌មានពីនគរបាលចរាចរបានឱ្យដឹងថា ជនរងគ្រោះដែលរបួសធ្ងន់ចំនួន០២នាក់ របួសស្រាល០១នាក់ ចំណែកអ្នកផ្សេងទៀតរលាត់ដៃជើងតិចតួច ដោយមានអ្នករួមដំណើរទាំងអស់ចំនួន០៩នាក់ ក្នុងនោះស្រី០៣នាក់ ។​ ប្រភពបន្តទៀតថា អ្នករងរបួសធ្ងន់ ទី១. ឈ្មោះ ជូ វត្ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ទី២ ឈ្មោះ ហេង ស្រ៊ាង ភេទប្រុស អាយុ៤៥ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ទី៣. ឈ្មោះ ណែត ភេទប្រុស អាយុ២៧ របួសស្រាល រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យក្រឡាប់គោយន្តកន្រ្តៃធ្លាក់ក្នុងប្រឡាយអត់ទឹកនេះ មកពីអ្នកបើកបរ បើកក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុច ផ្លូវកោងចុះទួលចាប់ហ្វាំងមិនជាប់ ក៏ជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក បណ្តាលឱ្យរងរបួសគរ លើគ្នាគួរឱ្យអាណោចអាធ័មតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានបងប្អូនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកគោយន្តកន្រ្តៃ ត្រូវបានយកទៅរក្សាទុកនៅនគរបាលចរាចរខេត្ត រង់ចាំម្ចាស់មកយកទៅជួសជុល ៕