ក្រុមជើងខ្លាំង៤នាក់វាយតដៃសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ត្រូវឃុំខ្លួន

ភ្នំពេញ​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេចឃុំខ្លួនជើងខ្លាំង៤នាក់ដែលតដៃជាមួយនគរបាលខណ្ឌសែនសុខរហូតធ្វើឱ្យប៉ូលិសម្នាក់រងរបួស​ ដាក់​ពន្ធនាគារបណ្តោះអាសន្ន​ ។
ប៉ូលិសខណ្ឌសែនសុខ​ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥​ ខែមករានេះថាជើងខ្លាំងទាំង៤នាក់នេះត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចមុផ្សារស៊ុបភឺស្ព័រផ្លូវលេខ១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ កាលពី​ថ្ងៃទី​០៨​ ខែ​មករា ​ឆ្នាំ២០១៨ តាម​មាត្រា២១៧នៃក្រមព្រហ្មទណ្ឌ​ ។

សូមបញ្ជាក់ថាមុនពេលកើត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានដាក់គោលដៅត្រួតពិនិត្យ ជាតិអាល់​កុលដោយបានឃើញក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូមួយគ្រឿងគ្មានផ្លាកលេខឌុបគ្នាតាមផ្លូវ ក្នុងស្ថានភាពស្រវឹង ហើយកម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ធ្វើការណែនាំ និងត្រួតពិនត្យ  ស្រាប់តែក្រុមជនសង្ស័យឈ្មោះ ដុំ ចំរើន និងដុំ ម៉ាលី បានទូរស័ព្ទហៅក្រុមបក្ខពួក៤នាក់ទៅ៥នាក់មកដល់គោកលដៅកិច្ចប្រតិបត្តិការរួចបានស្រែកឡូឡានិងបង្កទំនាស់រួចប្រតាយប្រតប់និងប្រើដៃវាយមកលើសមត្ថកិច្ចកំពុងប្រតិបត្តិការបណ្តាលឱ្យរបួស។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ​សែនសុខ ៕