ក្មេងប្រុស២នាក់រងការរលាករោលពេញខ្លួនដោយសារគ្រោះអគ្គីភ័យនៅខណ្ឌដូនពេញ

ភ្នំពេញ៖ កុមារា២នាក់ រងរបួសធ្ងន់បណ្ដាលមកពីអគ្គីភ័យឆាប់ឆេះក្នុងផ្ទះ ជាន់ទី៤ រួចបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗ ចំណែកអគ្គីភ័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។ ហេតុការណ៍អគ្គីភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៧BE4​ជាន់ទី៤ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះ ផាន់ ណារ៉េត មុខរបរ យោធា ស្នាក់នៅផ្ទះលេខ២៧BE4 ជាន់ទី៤ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុ ឪពុកម្ដាយរបស់កុមារារងគ្រោះចេញទៅធ្វើការដោយទុកកូនប្រុសពីនាក់នៅជាមួយជីដូន ពេលនោះជីដូន រវល់ចុះក្រោមក៏បានចាក់សោរពីក្រៅទុកចៅប្រុសទាំង២នាក់ ទើបតែអាយុ៥ឆ្នាំ នៅក្នុងផ្ទះស្រាប់តែ១សន្ទុះក្រោយមកបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះឃើញផ្សែងហុយចេញពីក្នុងផ្ទះខ្មួលខ្មាញក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញនិងប្រជាការពារខណ្ឌចុះជួយអន្តរាគមន៍ភ្លាមៗដោយជួយសង្គ្រោះកុមារា២នាក់រួចផុតពីសេចក្ដីស្លាប់ដោយរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។

សូមបញ្ជាក់ផងដែរក្នុងហេតុការណ៍អគ្គីភ័យឆាប់ឆេះនេះរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន៥គ្រឿងប្រើប្រាស់ទាំងអស់ និងមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចមកពីឆ្លងចន្តរអគ្គិសនី។ បច្ចុប្បន្នកុមារារងរបួសទាំងពីនាក់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕