គួរឲ្យអាសូរកូនដំរីព្រៃមួយក្បាលបានងាប់ជាប់នៅក្នុងដំបូក

ជាការសោកស្តាយបំផុតមួយសម្រាប់ប្រជាជនកម្ពុជា ព្រោះតែនៅដើមឆ្នាំ២០១៨នេះ មានកូនដំរីព្រៃមួយក្បាលទៀតហើយ បានងាប់ក្នុងព្រៃដែនជម្រកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៏បានឲ្យដឹងថា កូនដំរី១ក្បាលបានងាប់នៅជាប់ក្នុងដំបូកត្រឹមពាក់កណ្ដាលខ្លួន ហើយត្រូវបានប្រ​ជាពល​រដ្ឋ​ប្រទះ​ឃើញ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការចេក ក្បែរប៉ុស្ដិ៍នគរបាល​ការពា​រព្រំ​ដែន​អូ​រជុំ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

លោក ឌិន ប៊ុនធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបាន​ចុះទៅពិនិត្យមើលផ្ទាល់។ លោកថ្លែងថា កូនដំរី១ក្បាលនេះមានអាយុប្រមាណ១ឆ្នាំ បានងាប់ត្រឹមពាក់កណ្ដាលខ្លួន គឺជើង​ក្រោ​យ​ទាំ​ង​២ គៀបជាប់នៅក្នុងរណ្ដៅដីដែលមានទំហំ១ម៉ែត្រ និងមានជម្រៅ០,៧០ម៉ែត្រ។

លោកបានបញ្ជាក់ថា កូន​ដំរី១ក្បាលនេះប្រហែលជាទើបតែងាប់នៅយប់មិញនេះ ហើយឃើញមានស្នាមកាយដីកប់ដោយមេរបស់វា។ លោកថា បច្ចុប្បន្នកូនដំរី១ក្បាលនេះ​ក្រុមការងារដែនជម្រកសត្វព្រៃកែវសីមាបានរៀបចំយ​កសាកសពសត្វដំរី១ក្បាលនេះទៅ​ក្រសួ​ង​ប​រិស្ថា​នដើម្បីរក្សាទុកសំណាក៕