អាសូណាស់! ទើបតែប្រឡែងលេងជាមួយប្រពន្ធកូនរួច ដេកទៅវិញដកចង្កាមាន់ រឹងថ្គាមស្លាប់តែម្តង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ក្រោយពេលដែលរូបគាត់បានភ្ញាក់ពីដំណេកហើយ ប្រឡែងលេង ជាមួយប្រពន្ធ និងកូនៗ បានបន្តិចប្រាស់ខ្លួនដេកទៅវិញក៏ស្រាប់តែដកចង្កាមាន់ និង បញ្ឈភ្នែករឹងថ្គាម ហើយត្រូវបាន ក្រុមគ្រួសារប្រញ៉ាប់ប្រញ៉ាល់បញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ។ ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃទី ៤ ខែ មករា ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ ២៤ ផ្លូវលំ ភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរម្នាក់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឆាន តឹម អាយុ ៣៦ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ា គីម អាយុ ៣៤ឆ្នាំ មានកូនប្រុសស្រីចំនួន ២នាក់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅភូមិវាល ឃុំព្រៃខ្លា ខេត្តព្រៃវែង។ មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជាជាង ៥ ព្រឹកពេលដែលបុរសរងគ្រោះភ្ញាក់ពីដំណេកនោះ រូបគាត់ក៏បានប្រឡែងលេងជាមួយស្រ្តីជាប្រពន្ធ និង កូនប្រុស ស្រីរបស់គាត់ទាំង ២នាក់ ដូចសព្វមួយដង រួចហើយរូបគាត់ក៏បានប្រាស់ខ្លួនដេកទៅវិញ និងទាញទូរស័ព្ទដៃមកចុចលេងសុខៗ ក៏ស្រាប់តែមានអាការៈដកចង្កាមាន់ ខាំធ្មេញក្រឺតៗ បញ្ឈភ្នែកសព្រាត ហើយកូនស្រីម្នាក់របស់គាត់ក៏បានយកដៃទៅស្ទាបខ្លួនរឹងកំព្រឹស និង ហៅមិនឆ្លើយ ទើបមានការភ្ញាក់ផ្អើលកើតឡើង និងប្រញ៉ាប់ប្រញ៉ាល់បញ្ជូនយកពេទ្យដើម្បីជួយសង្គ្រោះ តែជាអកុសលពេលដែលទៅដល់ត្រូវក្រុមគ្រូពេទ្យបានប្រាប់ថា រូបគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងយកមក កាន់បន្ទប់ផ្ទះជួលរបស់គាត់វិញ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និង ជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសលវិច្ច័យ ទៅលើសពរបស់បុរសរងគ្រោះបានបញ្ជាក់ប្រាប់ថា បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយសារតែ ជំងឺខ្យល់គ ទើបប្រគល់អោយក្រុមគ្រួសារបញ្ជូនយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។