នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបថ្នាំពេទ្យនាំចូលស្តុកទុកនិងចែកចាយខុសច្បាប់ ជាង៤តោន

រាជធានីភ្នំពេញ៖ទីតាំងស្តុកថ្នាំពេទ្យ នាំចូល និងចែកចាយខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហារផ្ទៃចុះបង្ក្រាបកាលពីម៉ោង ១និង៣០នាទីរសៀលថ្ងៃ០៦ខែកក្កដាឆ្នាំ ២០១៧ នៅវីឡាភ្លោះលេខ៣២ ក្នុងហ្គ្រែនភ្នំពេញ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខដោយដកហូតបានថ្នាំពេទ្យ ចំនួន ៤២០០គីឡូក្រាម និងឃាត់ខ្លួន ម្ចាស់ទៅសាកសួរ ។ប្រតិបត្តិការបង្ក្រាបថ្នាំពេទ្យនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហារផ្ទៃនិងមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពី លោក ឃ្លាំង សាម៉េត តំណាងក្រសួងសុខាភិបាលផងដែរ។​ ម្ចាស់ទីតាំងដែលត្រូវនាំខ្លួន ឈ្មោះ ខូវ សាត ភេទប្រុសអាយុ៤៩ឆ្នាំបច្ចុប្បន្នស្នាក់ផ្ទះលេខ៣១អឺសូន ផ្លូវ៣៧៤ភូមិ៥សង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមន។តាមព័ត៌មាន អោយដឹងថានៅក្នុងការឆែកឆេរ សមត្ថកិច្ច បានរកឃើញថ្នាំពេទ្យ ចម្រុះរាប់តោន ដែលក្នុងនោះថ្នាំពេទ្យខ្លះ មានមីញ៉េតព័ន្ធ ត្រឹមត្រូវ និងខ្លះ ទៀត អត់មាន ហើយត្រូវបានសមត្ថកិច្ចដកហូត។​ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានអោយដឹងថាដោយមានការស្រាវជ្រាវពីកម្លាំងជំនាញអស់រយៈពេល១២ថ្ងៃ សមត្ថកិច្ច ក៏ឈានរកឃើញទីតាំងស្តុកថ្នាំ ពេទ្យ ខុសច្បាប់និងចុះបង្ក្រាបតែម្តង ។នៅក្នុងការឆែកឆេរ សមត្ថកិច្ច ដកហូតបានថ្នាំពេទ្យ ចំនួន ២៩មុខ មានទង្ងន់៤២០០គីឡូក្រាម។ ថ្នាំពេទ្យ ទាំងនោះ ត្រូវម្ចាស់នាំចូលមកពីប្រទេសថៃដោយខុសច្បាប់ ហើយស្តុកទុកនិងចែកចាយដោយសុខច្បាប់ ។​ ថ្នាំពេទ្យចម្រុះចំនួន២៩មុខ រួមទាំងម្ចាស់ ត្រូវបាននគរបាលនាំទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហារផ្ទៃ ដើម្បីចាត់ការតាមច្បាប់៕ TV5