ប្រជាពលរដ្ឋ ព្រួយបារម្ភការបាក់ច្រាំងស្ទឹងនិងដី

កំពង់ស្ពឺ៖ប្រជាពលរដ្ឋរស់នៅម្តុំខាងក្រោយសាលាស្រុកឱរ៉ាល់ បានត្អូញត្អែលនិងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែខ្លាចថ្ងៃណាមួយ នឹងបាក់ដីនិងផ្ទះរបស់ពួកគាត់ចូលក្នុងស្ទឹង ពីព្រោះក្រុមហ៊ុនកាយនិងបូមខ្សាច់មួយ បានកាយនិងបូមយកខ្សាច់ចេញពីស្ទឹងទាំងយប់ទាំងថ្ងៃដើម្បីយកទៅលក់អោយក្រុមឈ្មួញ។ការដ្ឋានបូមខ្សាច់ដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភនោះ មានទីតាំងខាងក្រោយសាលាស្រុកឱរ៉ាល់ស្ថិតនៅក្នុងពាម ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។តាមសម្តីរបស់ប្រជាពលរដ្ឋឈ្មោះសុខ ឈុនលី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅខាងលិចការដ្ឋានបូមខ្សាច់ក្នុងភូមិ​ឃុំខាងលើ បាននិយាយអោយដឹងថាការដ្ឋានមួយនេះ ដំណើរការបូមនិងការខ្សាច់ចេញពីស្ទឹងនោះ ជាយូរឆ្នាំណាស់មកហើយ តាំងពីស្ទឹងតូចរហូតដល់ក្លាយជាធំ តាំងពីស្ទឹងរាក់ក្លាយជាជ្រៅនិងបាក់ច្រាំងស្ទឹងទៅហើយ។អ្វីដែលគាត់ ក៏ដូចជាប្រជាពលរដ្ឋ មានការព្រួយបារម្ភនោះគឺខ្លាចថ្ងៃណាមួយ ដីស្រែនិងផ្ទះរបស់ពួកគាត់ធ្លាក់ចូលស្ទឹងជាក់ជាមិនខាន។ ហើយលើសពីនេះទៅទៀត ពេលដែលក្រុមរថយន្តដឹកខ្សាច់ចេញទៅ មានទឹកហូរលើផ្លូវ ត្រូវធ្វើដំណើររាល់ថ្ងៃ ហើយអ្នកបើកបរ បើកលឿន ខ្លាចក្រែងថ្ងៃណាមួយ កូនចៅរបស់ពួកគាត់តូចៗ ដែលជិះកង់និងម៉ូតូទៅរៀននោះ ជួបគ្រោះថ្នាក់ដោយប្រការណាមួយ។ ពួកគាត់ សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជំនាញ មេត្តាជួយចុះមកពិនិត្យមើលការដ្ឋានកាយនិងបូមខ្សាច់ចេញពីស្ទឹងមួយនេះផង។ពាក់ពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ឋតំណាងក្រុមហ៊ុនបូមខ្សាច់យីហោ(យី ខេង)បាននិយាយអោយដឹងថាការដ្ឋានបូមខ្សាច់របស់គេ មានច្បាប់អនុញ្ញាតិត្រឹមត្រូវចេញពីក្រសួង ដោយច្បាប់ទាំងអស់កាយចេញពីស្ទឹងចំងាយ៣គីឡូម៉ែត្រឯណោះ។ ហើយបើអ្នកកាសែតសួរនាំចង់ដឹងទៅសួរលោកអភិបាលស្រុកឱរ៉ាល់ទៅដឹងហើយ គេ មិនមានពេលច្រើនជាមួយអ្នកកាសែតទេ មានតែពេលរកស៊ីប៉ុណ្ណោះ។ គេ មិនដឹងថាម្ចាស់ការដ្ឋានកាយនិងបូមខ្សាច់ចេញពីក្នុងស្ទឹងមួយកន្លែងនេះ មានទំនាក់ទំនងអ្វីជាមួយលោកអភិបាលស្រុកនោះទេ បើគ្រាន់តែអ្នកសារព័ត៌មានសួរនាំ ក៏ដេញអោយទៅសួរខ្លួន​ឯងវិញ អ្នករកស៊ីសោះ។ពាក់ពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ឋនិងម្ចាស់ការដ្ឋានកាយនិងបូមខ្សាច់ខាងលើនេះ អ្នកយកព័ត៌មាន មិនអាចសុំការបកស្រាយពីលោកអភិបាលស្រុកឱរ៉ាល់បានទេ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនង​៕ TV5