ក្រុមអាជ្ញាធរជាតិអប្សរា ចុះរុះរើ របង ផ្ទះ ប្រជាពលរដ្ឋ ដើម្បីដាំកូនឈើឡើងវិញ​

 

សៀមរាប៖អាជ្ញាធរជាតិអប្សរា ចុះរុះរើ របង និង ផ្ទះ ប្រជាពលរដ្ឋ ដើម្បីដាំកូនឈើ​ឡើង​វិញ​នៅក្នុង​តំបន់១ នៃរមណីយដ្ឋានអង្គរ ទោះបីមានការអំពាវនាវចូលរួមថែរក្សាអភិរក្សមរតក​ដូនតា ក៏នៅតែមានក្រុមកាប់ទន្ទ្រានព្រៃឈើធ្វើជាកម្មសិទ្ធិក្នុងតំបន់រមណីយដ្ឋានអង្គរនេះដែរ។ជាក់ស្តែងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧នេះ មានក្រុមជនខិលខូចមួយចំនួនបានមកហ៊ុំព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដែលមានទីតាំងស្ថិត​នៅ​ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយទីតាំងនេះស្ថិតនៅក្នុងតំបន់១ នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។បន្ទាប់ពីក្រុមការងារចម្រុះដែលមានភ្នាក់ងារព្រៃឈើ ក្រុមឧទ្យាននុរក្ស ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានប្រទះឃើញសកម្មភាពក្រុមជនខិលខូចមួយចំនួនបានមកហ៊ុំព័ទ្ធធ្វើរបង និង កាប់ទន្រ្ទានព្រៃយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយមិនញញើតសមត្ថកិច្ច ទើបសុំគោលការណ៍ពីថ្នាក់លើ ធ្វើការហាមឃាត់ និង រុះរើរបង នៅនឹងកន្លែងជាក់ស្តែង ។ ក្នុងសកម្មភាពទប់ស្កាត់នេះ ក្រុមការងារបានជួបនឹងការរារាំងពីសំណាក់ជនបង្កចំនួន៤នាក់ ដែលបានអាងខ្សែខ្នងអ្នកមានអំណាច និងបញ្ជាមិនឲ្យក្រុមការងាររុះរើ និង ដាំកូនឈើនោះឡើយ ។ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានប្រើសម្តីមើលងាយលើក្រុមការងារ និង ហៅអ្នកសារព័ត៌មានពីររូបមកថតរូប ដែលមានឈ្មោះ ចាន់ សុភាព កាសែតនគរធំ និង ឈ្មោះ ឡុង រ៉េត កាសែតកម្ពុជាសុវណ្ណភូមិ មកធ្វើការសម្ភាសន៍ក្រុមការងារទៀតផង ដោយចោទថា បានរំលោភបំពានដីរបស់ពួកគេ ព្រមទាំងបានគម្រាម ប្តឹងទៅតុលាការថែមទៀតផង ។បើតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយមានការជជែកគ្នាបានមួយសន្ទុះមក ក្រុមជនបង្កទាំង៤នាក់ ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលពីកន្លែងនោះទៅ ។ រីឯចំណែកក្រុមការងារចម្រុះវិញ ក៏បានបន្តការរុះរើរបង និង ខ្ទមយាមដី ព្រមទាំងបានដាំកូនឈើឡើងវិញនៅទីនោះបានចំនួន៥០០ដើមផងដែរ ។សូមបញ្ជាក់ផងដែរថា នេះជាប្រពៃណីហើយរបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងអាណាធិបតេយ្យ នៅតំបន់ រមណីដ្ឋានអង្គរ ក្នុងតំបន់១ និង តំបន់២ នៅពេលរដូវឃោសនាបោះឆ្នោតម្តងៗ ទាំងបោះឆ្នោតក្រុមប្រឹក្សាឃុំ និង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ តែងតែបង្កនូវភាពអាណាធិបតេយ្យនៅតំបន់ព្រៃអង្គរ ធ្វើផ្ទះ កាប់ព្រៃហ៊ំរបង ដែល ច្រើនជាប្រជាពលរដ្ឋចំណូលស្រុក មកពីបណ្តាខេត្តផ្សេងៗ ហើយតំបន់ទាំងនេះក៏ត្រូវបានកំណត់ដោយព្រះរាជក្រិត្យ ទៀតផង ។ ម៉្យាងទៀតពួកគាត់តែងតែរឹះគន់ដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា ដោយលើកឡើងថា ដោយចង់ បានសម្លេងឆ្នោតឲ្យពួកគាត់ធ្វើ រួចហើយមករុះរើ បំផ្លាញរបស់ពួកគាត់ទៅវិញ ។ ក្នុងនោះដែរប្រជាពលរដ្ឋក៏សំណូមពរឲ្យរាជរដ្ឋាភិបាលមេត្តា ជួយ​ដល់ពួកគាត់​គ្រាន់​​បានធ្វើផ្ទះនៅ​ហ្នឹង​គេផង  ពួកគាត់រស់​នៅ​តាំង​ពីឆ្នាំ១៩៧៩មកម្ល៉េះ តែចំពោះអ្នកចំណូលស្រុក ពួកគាត់គ្មានហាមឃាត់មិនឲ្យរុះរើនោះទេ ៕  TV5