ចង់ដឹងអ្នកណាខ្លាំងជាងចុងក្រោយរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តកាមរីហាយប្រ៊ីត បំពានស្តុបក្រហម បានជ្រុលបុករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧ នៅស្តុបផ្សាដេប៉ូ តាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេ បានឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2S 6555 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឈប់ចាំសញ្ញាស្តុបពណ៌ខៀវ ។ បន្ទាប់មក ពេលភ្លើងស្តុបខៀវភ្លាម គាត់ ក៏បើកទៅមុខបានបន្តិច ស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2O 7678 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយមិនបានគោរពភ្លើងក្រហម ក៏ជ្រុលបុករថយន្តរងគ្រោះ បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុ ភាគីខាងរថយន្តរងគ្រោះ ដោយសារតែមានស្ថានភាពស្រវឹងផងនោះ ទោះសមត្ថកិច្ចព្យា យាមពន្យល់យ៉ាងណាក៏មិនស្តាប់។ មួយសន្ទុះក្រោយមក ភាគីខាងរថយន្តបង្កបានព្រមទទួលខុសនិងព្រមចេញថ្លៃសំណងទៅលើរថយន្តរងគ្រោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង តែភ្លាមនោះ ភាគីខាងរថយន្តរងគ្រោះ មិនព្រមទេ ដោយទាមទារសំណងចំនួន២៥០ដុល្លារ​តែដោយសារតែមានការសម្របសម្រួលពីសមត្ថកិច្ចនិងមិត្តភ័ក្តិ ទើបម្ចាស់រថយន្តព្រមទទួលយកសំណងចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ដោយមិនរំខានដល់សមត្ថកិច្ច។ TV5