ចុះបង្ក្រាបទីតាំងលក់កាហ្វេបង្កប់ល្បែងជល់មាន់អាប៉ោងបៀ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ បានឆ្មក់បង្ក្រាបទីតាំងលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងបៀរអាប៉ោងនិងសង្វៀនបញ្ជល់មាន់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧ នៅភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ដកហូតម៉ូតូ១២គ្រឿង មាន់០៥ក្បាលនិងដកហូតសំភារៈល្បែងមួយចំនួនទៀត។

លោក ប្រាក់ សុជាតិ អធិការងខណ្ឌ បានឲ្យដឹងថាដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ  អោយចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានខណ្ឌ អោយអស់ ជៀសវាងកើតបទល្មើសផ្សេងៗ ទើបនៅរសៀលកើតហេតុ លោកបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងសង្វៀនបញ្ជល់មាន់ បាញ់អាប៉ោង និងបៀមួយកន្លែង ដែលដុះស្លែខាងលើតែម្តង។

ក្រោយពីការបង្ក្រាប សមត្ថកិច្ច បាននាំខ្លួនមនុស្សដែលញៀនល្បែងខាងលើ ទៅសាកសួនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់​៕ TV5