រថយន្ដទំនើប ប៉ះរថយន្ដទំនើប

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារតែការបើកបរ ខ្វះការប្រុងប្រយ័ត្ននៅចំណុចភ្លើងស្តុប ផ្លូវបំបែកជាបួន រវាងរថយន្ដហាយឡែនឌ័រ បុកជាមួយរថយន្ដឡិចស៊ីស៤៧០ បណ្ដាលអោយរថយន្ដទាំងពីរគ្រឿង រងការខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១០៥ កែងនិងមហាវិថីមៅស៊ីទង់ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ។រថយន្ដបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-7306 បើកបរដោយបុរសពីរនាក់​ និងរថយន្ដមួយគ្រឿងទៀតម៉ាក ឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2V-6376 បើកបរដោយបុរសម្នាក់។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេ បានឃើញរថយន្ដឡិចស៊ីស៤៧០ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង ហើយបានឆ្លងកាត់មហាវិថីមៅស៊ីទង់។ ពេលឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្ដហាយឡែនឌ័រដែលធ្វើដំណើរតាមបណ្ដោយមៅស៊ីទង់ទិសដៅពីលិចទៅកើត បុកចំពីចំហៀងរថយន្ដពេញទំហឹង បណ្ដាលអោយរថយន្ដខូចខាតទាំងសងខាង។ក្រោយកើតហេតុ ភាគីទាំងសងខាង បាននិយាយយកត្រូវរៀងៗខ្លួន ដោយនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ចទំនាក់ទំនងទៅកំលាំងជំនាញ ចុះធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ TV5