ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីរាជការស្រុកជីក្រែង

សៀមរាប៖  នៅព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានជួបធ្វើការសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ និង មន្ត្រីរាជការ ស្រុកជីក្រែង ។

ក្នុងកិច្ចស្វាគមន៍របស់លោក ប៉ោក សេរីរតន៍មុនី ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង បានបញ្ជាក់អំពីការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត និង ពេលបោះឆ្នោត ក្រោយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ធានាបាននូវសន្តិសុខ សុវត្ថិភាពល្អនៅតាមមូលដ្ឋាន ពុំមានកើតនូវ អំពើហិង្សាអ្វីឡើយ ។ ក្នុងនោះលោកក៏បានលើកផងដែរ អំពីការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅទូទាំង ស្រុកផងដែរ ។ នៅក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការ កោតសសើរ ពីការខិតខំយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត និង ពេលបោះឆ្នោត ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ធានាបានសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ មិនឲ្យមានកើតនូវអំពើហិង្សាអ្វីឡើយនាពេលកន្លងមកនេះ ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីរាជ ការ ត្រូវយកចិត្ត ទុកដាក់ ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន ដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅ ក្នុងមូលដ្ឋាន ហើយក៏ត្រូវគោរពឲ្យខាងតែបាននូវយុទ្ធសាស្ត្រទាំងបួនចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី មូជទឹក ដុសក្អែល ឆ្លុះកញ្ចក់ និង ព្យាបាល ។

ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា គ្រប់សមាជិកក្រុមប្រឹក្សាឃុំ និង មន្ត្រីរាជការណា ដែលបាន ធ្វើឲ្យមានកំហុសឆ្គង ធ្វើឲ្យប៉ះពាល់បាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងមូល ដ្ឋាន គឺ ត្រូវទទួលទោសទ័ណ្ឌ ទៅតាមច្បាប់រដ្ឋបាលដែលបានកំណត់ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានធ្វើការ ផ្តាំផ្ញើផងដែរដល់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើមី្បធានាបាននូវភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន និងបន្តធ្វើកិច្ចអភិវឌ្ឍ ភូមិ ឃុំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ម៉្យាងទៀត ត្រូវធ្វើការជម្រុញដល់ប្រជាពលរដ្ឋ លើការ ងារបង្កបង្កើនផលឲ្យបានទាន់រដូវ ដោយបច្ចុប្បន្ននេះភ្លៀងបានកំពុងធ្លាក់ ស្រោចស្រពនៅគ្រប់តំបន់ផងដែរ ។

ក្នុងបទអន្តរាគមន៍របស់តំណាងក្រុមប្រឹក្សាឃុំ ដែលបានលើកឡើងពីលទ្ធផល និង បញ្ហាប្រឈម ក៏ត្រូវបាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការបកស្រាយបំភ្លឺ អំពីចំណោទបញ្ហាទៅលើកញ្ចប់ថវិកាអភិវឌ្ឍភូមិ ឃុំ គឺគ្រប់ បណ្តាឃុំទាំងអស់ គឺត្រូវតែបន្តធ្វើការអភិវឌ្ឍភូមិ ឃុំរបស់ខ្លួន រហូតដល់ថ្ងៃបញ្ចប់អាណត្តិរបស់ខ្លួនផងដែរ ៕

TV5